អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្តីជូនដំណឹងនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣នេះ ស្ដីពីរំលឹកពីការប្រកាសបង់ពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់សម្រាប់ឆ្នាំ ២០២៣ នឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ។
បើយោងតាមសេចក្ដីជូនដំណឹងដដែលបានបញ្ជាក់ថា អគ្គនាយកដ្ឋានពន្ធដារបានសង្កេតឃើញថា រហូតមកទល់ពេលនេះ មានម្ចាស់អចលនទ្រព្យមួយចំនួននៅមិនទាន់បានបំពេញកាតព្វកិច្ចប្រកាសបង់ប្រាក់ពន្ធប្រភេទទាំងនេះនៅឡើយ។ ដូច្នេះដើម្បីជំរុញការប្រមូលពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់ សម្រាប់ឆ្នាំ២០២៣នេះ បានអស់លទ្ធភាពប្រកបដោយប្រសិទ្ធភាពខ្ពស់ និងចៀសវាងការកកស្ទះ ការប្រជ្រៀតគ្នាមកប្រកាសបង់ប្រាក់ពន្ធ នៅថ្ងៃជិតផុតកំណត់ អគ្គនាយកដ្ឋានពន្ធដារសូមក្រើនរំលឹក ដល់ម្ចាស់អចលនទ្រព្យទាំងអស់ ដែលមិនទាន់បានបំពេញកាតព្វកិច្ចបង់ប្រាក់ពន្ធ មេត្តារួសរាន់អញ្ជើញមកប្រកាសបង់ប្រាក់ពន្ធ ឱ្យបានទាន់ពេលវេលា ត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣។
ដើម្បីបំពេញកាតព្វកិច្ចប្រកាសបង់ប្រាក់ពន្ធ ម្ចាស់អចលនទ្រព្យទាំងអស់អាចអញ្ជើញទៅអគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដារខេត្ត-ខណ្ឌ ដែលអចលនទ្រព្យស្ថិតនៅ ឬនៅគ្រប់សាខាធនាគារ អេស៊ីលីដា ភីអិលស៊ី, ធនាគារ កាណាឌីយ៉ា ក.អ, ធនាគារ វឌ្ឍនៈ, ធនាគារកម្ពុជាសាធារណៈ ភីអិលស៊ី, ធនាគារ ស្ថាបនា ភីអិលស៊ី, ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ម.ក, ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ, ធនាគារ វឌ្ឍនៈអាស៊ីចំកាត់, ធនាគារ ពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា ឬតាមរយៈកម្មវិធី «GDT Taxpayer App» ដែលអាចទាញយកមកប្រើប្រាស់ពី App Store ឬ Play Store។
អគ្គនាយកដ្ឋានពន្ធដារ សង្ឃឹមយ៉ាងមុតមាំថា បន្ទាប់ពីទទួលបានសេចក្តីជូនដំណឹងនេះ ម្ចាស់អចលនទ្រព្យទាំងអស់ពិតជានឹងយកចិត្តទុកដាក់ និងអញ្ជើញមកបំពេញកាតព្វកិច្ចសារពើពន្ធឱ្យបានទាន់ពេលវេលាកំណត់ខាងលើជាពុំខាន ហើយចំពោះការខកខានមិនបានដាក់លិខិតប្រកាសបង់ប្រាក់ពន្ធ ទាន់ពេលវេលាកំណត់ខាងលើនឹងត្រូវរងនូវទណ្ឌកម្មរដ្ឋបាលតាមច្បាប់ ស្តីពីសារពើពន្ធជាធរមាន។
ស្វែងរកភ្នាក់ងារអចលនទ្រព្យដែលមានជំនាញតាមរយៈ Harbor Property!
លោកអ្នកអាចស្វែងរកផ្ទះលក់ឬជួល តាមរយៈគេហទំព័រ ឬកម្មវិធីក្នុងទូរស័ព្ទរបស់ Harbor Property ដោយសេរីនិងឥតគិតថ្លៃ!
អំពីសេវាកម្ម ឬចម្ងល់ផ្សេងៗសូមទំនាក់ទំនងយើងខ្ញុំតាមរយៈ៖
Hotline: +855 99 252288 , +855 66 252288
(Telegram)/ +855 16 252288
WeChat: HB066886633
មតិយោបល់